រដ្ឋបាលរាជធានីភ្នំពេញ ចាត់ទុកសម្ភារៈប្រយុទ្ធប្រឆាំង កូវីដ១៩ របស់ចិន ជាវត្ថុដ៏មានតម្លៃ និងទឹកចិត្តដ៏ថ្លៃថ្លា រវាងសម្ពន្ធមេត្រីភាព ទីក្រុងសៀងហៃ-ភ្នំពេញ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ទទួលបានការឧបត្ថម្ភ នូវសម្ភារៈសម្រាប់ការពារ និងប្រយុទ្ធប្រឆាំង មេរោគកូវីដ១៩ ពីទីក្រុងសៀងហៃ ប្រទេសចិន ដែលត្រូវបាន លោកអភិបាលរាជធានីភ្នំពេញ ចាត់ទុកថា ការចែករំលែក សម្ភារៈទាំងអស់នេះ គឺជាវត្ថុដ៏មានតម្លៃ និងទឹកចិត្តដ៏ថ្លៃថ្លា មិនអាចកាត់ថ្លៃបាន រវាងសម្ពន្ធមេត្រីភាព ទីក្រុងសៀងហៃ និងទីក្រុងភ្នំពេញ ខណៈដែលកម្ពុជាផ្ទាល់ កំពុងតែត្រូវការជាចាំបាច់ ។
ក្នុងឱកាស ទទួលសម្ភារៈប្រយុទ្ធប្រឆាំង មេរោគកូវីដ១៩ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ និងលោក វ៉ាងវិនធាន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា នៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ លោក ឃួង ស្រេង បានមានប្រសាសន៍ថា “យើងបានដឹងហើយថា ទីក្រុងសៀងហី ក៏កំពុងប្រយុទ្ធប្រឆាំង ជាមួយនឹងកូវីដ១៩ដែរ ប៉ុន្តែដោយសារទឹកចិត្តសប្បុរធម៌ ប្រជាជនចិន បានចែករំលែកសម្ភារៈមួយចំនួន មកដល់រដ្ឋបាលរាជធានីភ្នំពេញ” ។
លោកអភិបាលរាជធានី បានលើកឡើងថា “យើងឃើញថា ទឹកចិត្តដ៏សប្បុរសនេះ កម្ររមាន នៅពេលដែលខ្លួនឯង កំពុងត្រូវការដែរ ប៉ុន្តែបានកាត់ផ្តាច់ខ្លួនឯងមួយចំនួន មកធ្វើជាជំនួយដល់មិត្តភាព ទីក្រុងសម្ព័ន្ធមាត្រីភាព ក៏ដូចជាមកដល់ មិត្តភាព កម្ពុជា-ចិន នេះជាចំណងដៃដ៏សប្បុរស” ។
លោកអភិបាលរាជធានីភ្នំពេញ បានចាត់ទុក ការចែករំលែក នូវសម្ភារៈការពារ និងសម្រាប់ប្រយុទ្ធប្រឆាំង ជាមួយនឹងជំងឺកូវដី១៩ របស់ប្រជាជនចិន មកដល់រដ្ឋបាលរាជធានីភ្នំពេញ នាឱកាសនេះ គឺជាវត្ថុដ៏មានតម្លៃ មិនអាចកាត់ថ្លៃបាន ខណៈដែលកម្ពុជា កំពុងតែត្រូវការជាចាំបាច់ ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា “យើងមិនឃ្លាន ហូបទៅមិនឆ្ងាញ់នោះទេ ប៉ុន្តែយើងឃ្លានហូបទៅឆ្ងាញ់ ពេលដែលត្រូវការខ្វះសម្ភារៈ ទទួលបានជំនួយ គឺថ្លៃថ្លាណាស់” ។
ក្នុងឱកាសនោះ លោកអភិបាលរាជធានីភ្នំពេញ បានដាស់តឿន ដល់ប្រជាពលរដ្ឋ ផងដែរថា “ប៉ុន្មានថ្ងៃនេះ ប្រជាពលរដ្ឋ មានការធ្វើដំណើរ ទៅយ៉ាងស្រស្រាក់ស្រស្រាំ នៅតាមដងផ្លូវ ជុំវិញរាជធានីភ្នំពេញ ។ ប្រទេសជាតិយើង ក៏ដូចជាទីក្រុងភ្នំពេញ មិនទាន់ហាមអោយធ្វើដំណើរនោះទេ ប៉ុន្តែការធ្វើដំណើរ របស់បងប្អូន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះថាជំងឺកូវីដ១៩នេះ ទទួលបានជោគជ័យ នៅពេលដែលគេរក វាក់សាំងការពារ ឬក៏ថ្នាំព្យាបាលឃើញ ទើបយើងអាចមានជោគជ័យ បើមិនដូច្នេះទេ ជោគជ័យយើងសព្វថ្ងៃ ជាជោគជ័យមួយ ដែលយើងអាចការពារខ្លួនយើងបាន ដោយសារយើងទប់ស្កាត់ នូវអនាម័យផ្ទាល់ខ្លួន នីមួយៗ” ។
លោកបន្តថា “ដូច្នេះហើយទើបកត្តាការពារខ្លួននីមួយៗ ជាកត្តាសំខាន់ណាស់ សូមអោយបងប្អូនកុំភ័យខ្លាចពេក កុំហ៊ានពេក ប្រុងប្រយ័ត្នជាប់ជានិច្ច ទៅណាមកណាមានគ្នាច្រើន ត្រូវដកឃ្លាយ៉ាងមិច ទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល សំអាតអនាម័យផ្ទាល់ខ្លួន របស់ខ្លួននីមួយៗ ធ្វើយ៉ាងណាទប់ស្កាត់ នូវជំងឺ១៩នេះ កុំអោយមានការឆ្លង” ។
លោកបន្តបន្ថែមទៀតថា “យើងសង្កាតឃើញថា ក្រោយពីទទួលបាននូវការជាច្រើន ប្រជាពលរដ្ឋយើង ហ៊ានដើរចេញក្រៅ ប៉ុន្តែដើរចុះ ប្រកបមុខរបរអាជីវកម្មចុះ តែត្រូវប្រយ័ត្នខ្លួន” ។
លោក វ៉ាងវិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានមានប្រសាសន៍ថា ប្រទេសចិន និងចូលរួមជាមួយកម្ពុជា ដើម្បីទប់ស្កាត់ នូវការរីករាលដាល នៃជំងឺកូវីដ-១៩ ។ ប្រទេសចិនគាំទ្រ និងជួយកម្ពុជាជានិច្ចការ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩នេះ ដោយកន្លងមក យើងបានបញ្ជូននូវគ្រឿងបរិក្ខា ជាមួយនឹងពេទ្យជំនាញ មកជួយកម្ពុជា ហើយចំពោះមុខប្រទេសចិន នឹងបន្តជួយកម្ពុជា បើប្រទេសកម្ពុជា ត្រូវការឱ្យប្រទេសចិនជួយនោះ។
ជាមួយគ្នានោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសម្តែងការអរគុណ ចំពោះទឹកចិត្ត សប្បុរធម៌ របស់ប្រជាជនចិន ក៏ដូចជាប្រទេសចិន តាមរយៈ ស្ថានទូតចិនកម្ពុជា ដែលបានឧបត្ថម្ភ សម្ភារៈជាច្រើន រួមមាន ម៉ាស N95 ចំនួន ៣ពាន់ម៉ាស់, ម៉ាស់វេជ្ជសាស្ត្រ ២ម៉ឺនម៉ាស់ និងសម្លៀកបំពាក់ពេទ្យ ចំនួន ៥០០ឈុត ផងដែរ៕ E B